នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម ស៊ុត ខុន អភិបាលរង នៃគណ:អភិបាលខេត្តតាកែវ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទមន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋានស្រុក ក្រុង។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ នៃមន្ទីរកសិកម្មខេត្ត សម្រេចបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញត្រូវយកចិត្តទុកដាក់ប្រើទេពកោសល្យនៃការដឹកនាំ ដើម្បីលើកស្ទួយវិស័យកសិកម្ម ជាពិសេសផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសលើការដាំដុះ ការប្រើប្រាស់ថ្នាំឱ្យត្រូវតាមកម្រិតបច្ចេកទេស ដើម្បីធានាបាននូវសុវត្ថិភាពដល់សុខភាព និងកាត់បន្ថយថ្លៃដើមផលិតកម្ម។
ជាចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ នឹងជាការដាស់តឿនដល់ថ្នាក់ដឹកនាំ និងមន្ត្រី ក្នុងនាមជាមន្ត្រីកសិកម្ម ត្រូវមានកាតព្វកិច្ចដោះបញ្ហាប្រឈមរបស់កសិករ ឱ្យទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង និងត្រូវជំរុញការផ្លាស់ប្តូរពីការធ្វើកសិកម្មតាមបែបធម្មតា មកជាកសិកម្មពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយយកមន្ត្រីមូលដ្ឋានជាកម្លាំងរុញច្រាន ដើម្បីធានាថា កសិករខេត្តតាកែវមានជីវភាពធូរធារ៕