ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ​ នៅខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 442

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ​ ដេីម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនេីប​ និងស្វែងរកទីផ្សារកសិផល នៅ​ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។​

លោក​ ជឿ​ រតនា ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ​ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ​ មានផ្ទៃដីដាំដុះសរុបប្រមាណ​ ១០០ហិកតា​ ដោយដាំដុះលេីដំណាំឪឡឹកលឿង​ ត្រសក់ស្រូវផ្អែម​ ប៉េងប៉ោះឈេីរី​ ផ្កាខាត់ណាខៀវ​ ម្ទេស​ ល្ពៅ​ និងដំណាំរួ​មផ្សំច្រេីនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ។​ លោកប្រធានសហគមន៍​ បានស្នេីសុំ​ ឯកឧត្តមរដ្ឋមន្រ្តី​ ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនេីប​ ដេីម្បីទទួលបានទុនកម្ចីការប្រាក់ទាប​ អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធ​ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រព​សម្រាប់ផលិតកម្ម​ និងមានហានិភ័យទីផ្សារទាប​ តាមរយៈការរៀបចំផែនការផលិតតម្រូវទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។

ដោយមេីលឃេីញពីសក្តានុពល​ ឯកឧត្តមរដ្ឋមន្ត្រី​ លេីកទឹកចិត្តឱ្យប្រធានសហគមន៍​ និងសមាជិក​ ពិភាក្សា​ និងប្រមូលគ្នាឱ្យបានច្រេីន​ ដើម្បីអាចប្រែក្លាយជាសហគមន៍កសិកម្មទំនេីប​ មានការគិតគូរថ្មី​ ចេះធ្វេីការជាមួយគ្នា​ មានផែនការជាក់លាក់ ​ថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់​ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់​ ជាពិសេសតម្កល់ផលប្រយោជន៍រួមជាធំ​ និងចែកផលចំនេញតាមសមាមាត្រផលិតកម្ម​ ហេីយក្រសួងកសិកម្មនឹងរកទីផ្សារ​ និងអ្នកទទួលទិញ​ដល់សហគមន៍ផ្ទាល់៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12