នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្ពុជាបាននាំកសិផល
រុក្ខជាតិបាន ១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយមានការរីកចម្រើនទាំងផ្នែកបរិមាណ និងគុណភាព។
លោកបណ្ឌិតថ្លែងបែបនេះ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានវាទគ្មិនជំនាញផ្នែកកសិកម្ម ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណង លើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើននៅកម្ពុជា។
នៅចំពោះមុខវេទិកា លោកបណ្ឌិតបានគូសបញ្ជាក់ថា អាទិភាពរបស់ក្រសួងកសិកម្ម បានធ្វើការកែលម្អ ការកសាងទិន្នន័យវិទ្យាសាស្ត្រ និងបានបង្កើតប្រព័ន្ធផលិតកម្មដែលមានការគ្រប់គ្រងហានីភ័យសត្វល្អិតល្អប្រសើរ លើដំណាំហូបផ្លែសំខាន់ៗ ដូចជា ស្វាយ ចេក ទុរេន និងស្វាយចន្ទីជាដើម។ ទន្ទឹមនឹងនេះ លោកបណ្ឌិតបានលើកទឹកចិត្តដល់ប្រជាកសិករ អាជីវករ និងវិស័យឯកជន ចូលរួមសហការគ្នាពង្រឹងសមត្ថភាពការផលិតនិងការគ្រប់គ្រងវិស័យកសិកម្មឱ្យស្របតាមស្តង់ដារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ជាទីបញ្ចប់លោកបណ្ឌិតបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្មដែលជាវិស័យអាទិភាព និងបានបង្កើតជាបទដ្ឋានគតិយុត្តិសំខាន់ៗចំនួន៣ រួមមាន ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កើតពូជដំណាំ ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងច្បាប់ស្តីពីអនាម័យ និងភូតគាមអនាម័យ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម ការពារសុខភាពអ្នកប្រើប្រាស់និងបរិស្ថាន ធានាសុវត្ថិភាពស្បៀង និងលើកកម្ពស់ការប្រកួតប្រជែងពាណិជ្ជកម្មកសិផលទាំងក្នុង និងក្រៅប្រទេសផងដែរ៕