នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញអម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ ឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសារធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ប្រទេសហ្វីលីពីន គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ហើយក្រោមការដឹកនាំពោរពេញដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យកសិកម្ម ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការរដ្ឋនិងរដ្ឋ និងរវាងវិស័យឯកជន។
កិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានការកើនឡើងជាលំដាប់ ជាពិសេសក្នុងឆ្នាំ ២០២៦នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីនបានកើនឡើងរហូតដល់ ១៩១ ៥៤២ តោន (ស្មើនឹង ១៨,៩% នៃការនាំចេញសរុប ឬ ៤២% នៃការនាំចេញទៅតំបន់អាស៊ាន)។
លទ្ធផលដ៏ត្រចះត្រចង់នេះ បានបង្ហាញយ៉ាងច្បាស់ពីសក្ដានុពលស្បៀងរបស់កម្ពុជាលើឆាកអន្តរជាតិ និងជំនឿទុកចិត្តយ៉ាងមុតមាំពីភាគីហ្វីលីពីន៕