នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ដេីម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនេីប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក ជឿ រតនា ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដីដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលេីដំណាំឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះឈេីរី ផ្កាខាត់ណាខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រេីនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ លោកប្រធានសហគមន៍ បានស្នេីសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនេីប ដេីម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្ម និងមានហានិភ័យទីផ្សារទាប តាមរយៈការរៀបចំផែនការផលិតតម្រូវទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។
ដោយមេីលឃេីញពីសក្តានុពល ឯកឧត្តមរដ្ឋមន្ត្រី លេីកទឹកចិត្តឱ្យប្រធានសហគមន៍ និងសមាជិក ពិភាក្សា និងប្រមូលគ្នាឱ្យបានច្រេីន ដើម្បីអាចប្រែក្លាយជាសហគមន៍កសិកម្មទំនេីប មានការគិតគូរថ្មី ចេះធ្វេីការជាមួយគ្នា មានផែនការជាក់លាក់ ថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ជាពិសេសតម្កល់ផលប្រយោជន៍រួមជាធំ និងចែកផលចំនេញតាមសមាមាត្រផលិតកម្ម ហេីយក្រសួងកសិកម្មនឹងរកទីផ្សារ និងអ្នកទទួលទិញដល់សហគមន៍ផ្ទាល់៕