នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា (តាមប្រព័ន្ធ Zoom) ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន.កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី " បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត ។ សិក្ខាសាលាដ៏មានសារសំខាន់នេះក៏មាន ការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដមតំណាងក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។
ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍ និងអរគុណជូនចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដែលបានអញ្ជើញមកពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ រួមទាំងឯកឧត្តមអភិបាលនៃគណអភិបាលរាជធានី-ខេត្តផងដែរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំសហការគ្នារវាងក្រុមការងារលេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារបច្ចេកទេសនៃក្រសួងមហាផ្ទៃ ធ្វើឲ្យអង្គសិក្ខាសាលានេះលេចចេញជារូបរាងឡើងក្នុងបំណងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នូវសេចក្តីណែនាំអន្តរក្រសួងក្នុងក្រប ខណ្ឌកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗក្នុងការ ផ្តល់សេវារដ្ឋបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការធ្វើប្រតិភូកម្ម ស្រប តាមគោលការណ៍ បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នានាដូចបានកំណត់ក្នុងបទដ្ឋានគតិយុត្តជាធរមានឆ្លើយតបទៅនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
ឆ្លងចូលខ្លឹមសាររួមនៃអង្គសិក្ខាសាលានាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឆ្លើយតប ទៅនឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមបែបប្រតិភូកម្មសេវារដ្ឋបាលមួយចំនួនទៅ ឱ្យរដ្ឋបាលរាជធានី-ខេត្ត រួមមាន ៖ - ការចេញលិខិត អនុញ្ញាតធ្វើវារីវប្បកម្ម - ការចេញលិខិត អនុញ្ញាត និងវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ (បសុព្យាបាល) - សេវាកម្មត្រួត ពិនិត្យអនាម័យសត្វ និងផលិតផលសត្វ និង - ការប្រមូលកម្រៃសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តឃាតដ្ឋាន “ប្រភេទ ខ” - សេវាលើការចេញលិខិត អនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម ឬជីកសិកម្ម ឬចម្រុះនូវថ្នាំកសិកម្ម និងជីកសិកម្ម - សេវាលើដំណើរ ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈសម្រាប់អ្នកផ្គត់ផ្គង់ចែកចាយ អ្នកលក់ដុំលក់រាយ។ល។ និងជាពិសេស ដើម្បីធានាការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងមហាផ្ទៃ បានឯកភាពដាក់ចេញនូវសេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន. កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី " បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត" ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារសំខាន់ៗមួយចំនួនគឺការធ្វើវិមជ្ឈការតាមបែបប្រគល់ពីក្រសួង ស្ថាប័នថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈអនុក្រឹត្យលេខ១៨២ លេខ ១៨៣ លេខ១៨៤ អនក្រ.បក ចុះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ផ្អែកតាមស្មារតីនៃអនុក្រឹត្យទាំងនេះ ក្រសួងបានផ្ទេរមុខងារតាមបែបប្រគល់ទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ រួមមាន ៖ - ការងារកសិកម្ម - ការងារសុខភាពសត្វនិងផលិតកម្មសត្វ - ការងារព្រៃឈើ - ការងារជលផល និង - ការផ្តល់សេវារដ្ឋបាលផ្នែកកសិកម្ម (ជី និងថ្នាំកសិកម្ម) - ផ្នែកផលិតកម្ម និងបសុព្យាបាល (វិញ្ញាបនបត្រអនាម័យសត្វ ផលិតផលសត្វ និងបសុព្យាបាល) និង- ផ្នែកវារីវប្បកម្ម។ ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពាក់ព័ន្ធនឹងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជរដ្ឋាភិបាលបានបង្កើតរចនាសម្ព័ន្ធគ្រប់ គ្រងថ្មីដោយធ្វើសមាហរណកម្មការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុក និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍នៃរដ្ឋបាលក្រុង ខណ្ឌ។ ដោយឡែក សេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីពីគោលការណ៍ នីតិវិធី និងស្តង់ដារសេវាសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ រដ្ឋបាលក្រុង ស្រុក ខណ្ឌ បាននិងកំពុងដំណើរការពិនិត្យ និងពិភាក្សា។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើលទ្ធផលការងារដែល លេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានឯកឧត្តមរដ្ឋលេខាធិការ គុយ ម៉ារិនឌី ជាប្រធាន បានខិតខំប្រឹងប្រែងសហការ សម្របសម្រួល ពិភាក្សា ពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ និងអង្គភាពក្រោមឱវាទនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសម្រេចបាននូវសេចក្តីណែនាំអន្តរក្រសួងខាងលើនេះ យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។ ដើម្បីធានាដល់ដំណើរការនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នៃដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានភាពច្បាស់លាស់ សុក្រឹត្យ និងទាន់ពេលវេលា ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជូនអនុសាសន៍សំខាន់ៗមួយចំនួនជូនទៅលេខាធិការដ្ឋានក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទុកជាធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះយកទៅអនុវត្តបន្ត ឆ្លើយតបតាមសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។