នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងនីតិវិធីពាក់ព័ន្ធ ដល់មន្ត្រីសមត្ថកិច្ចជលផល ដែលរៀបចំឡើងនៅអគ្គនាយកដ្ឋានជលផល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានជលផល មន្ទីរកសិកម្មរាជធានី-ខេត្ត និងខណ្ឌរដ្ឋបាលជលផលទាំង២៥ រាជធានី-ខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ហាស់ សារ៉េត បានវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានជលផល និងនាយកដ្ឋាននីតិកម្មកសិកម្ម ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងដល់មន្ត្រីជំនាញអំពីការអនុវត្តច្បាប់ស្តីពីជលផល ការរៀបចំសំណុំរឿងបទល្មើសជលផល នីតិវិធីប្រតិបត្តិតាមស្តង់ដារ (SOP) ព្រមទាំងបទពិសោធន៍ពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់មន្ត្រីសមត្ថកិច្ចជលផល ត្រូវពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន ព្រមទាំងបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នតុលាការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ដើម្បីធានាឱ្យការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទទួលខុសត្រូវ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ឱ្យប្រើប្រាស់ឱកាសនៃសិក្ខាសាលានេះក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងចូលរួមពិភាក្សាអំពីបញ្ហាប្រឈមជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងពង្រឹងសមត្ថភាពអនុវត្តច្បាប់របស់មន្ត្រីជលផលឱ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកដល់ការការពារ អភិរក្ស និងគ្រប់គ្រងធនធានជលផលនៅកម្ពុជា៕