នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញរួមដំណើរជាមួយគណៈប្រតិភូស្ថាប័នជលផលចិន និងវិទ្យាស្ថានជីវសាស្ត្រជលផល (IHB) ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ខេត្តសៀមរាប។
ដំណើរទស្សនកិច្ចនេះ ផ្តោតលើការស្វែងយល់អំពីការគ្រប់គ្រង និងអភិរក្សធនធានជលផលបឹងទន្លេសាប ជាពិសេសការការពារត្រីមេពូជ ជម្រកមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីជលផល។
ទស្សនកិច្ចនេះក៏ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ ព្រមទាំងការស្វែងរកឱកាសសហការលើការសិក្សាស្រាវជ្រាវ ការតាមដានធនធានមច្ឆជាតិ ការស្តារជម្រកធម្មជាតិ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញ ដើម្បីរួមចំណែកដល់ការគ្រប់គ្រង និងអភិរក្សធនធានជលផលបឹងទន្លេសាបប្រកបដោយប្រសិទ្ធភាព និងចីរភាព៕