នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គជ់» ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈ និងឧបករណ៍ប្រើប្រាស់កសិកម្មជូនសហគមន៍កសិកម្មចំនួន៨ ក្នុងខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា លោកអភិបាលរងខេត្ត មន្ទីរកសិកម្មខេត្ត និងមន្ត្រីគម្រោងពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា គម្រោង «គជ់» មានគោលបំណងពង្រឹងកិច្ចសហការរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងសហគមន៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យសហគមន៍ចាត់ទុកសម្ភារៈ និងឧបករណ៍កសិកម្មដែលទទួលបានជាទ្រព្យសម្បត្តិរួម ដោយត្រូវមានយន្តការគ្រប់គ្រងច្បាស់លាស់ ប្រើប្រាស់ចំគោលដៅ និងធានាការទទួលបានផលប្រយោជន៍ដោយសមធម៌។
ឯកឧត្តមបណ្ឌិតក៏បានជំរុញឱ្យសហគមន៍ប្រើប្រាស់ឧបករណ៍ទាំងនេះក្នុងការផ្តល់សេវាកម្មកសិកម្ម ដូចជា៖ សេវាបាញ់ថ្នាំ បាញ់ជី និងសេវាកម្មផ្សេងៗក្នុងតម្លៃសមរម្យ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់ប្រាក់ចំណូលកសិករ។ ទន្ទឹមនឹងនេះ ត្រូវរៀបចំការគ្រប់គ្រងចំណូលឱ្យមានតម្លាភាព ដោយបែងចែកសម្រាប់ការថែទាំ ជួសជុល និងសន្សំទុកបន្តវិនិយោគលើឧបករណ៍ថ្មីនាពេលអនាគត។ ជាក់ស្តែង ក្នុងខេត្តឧត្តរមានជ័យ មានការប្រគល់ត្រាក់ទ័រចំនួន៧គ្រឿង និងដ្រូនកសិកម្មចំនួន២គ្រឿង ជូនដល់សហគមន៍កសិកម្មចំនួន៨ និងសហគមន៍កសិកម្មទំនើបចំនួន១។
សូមជម្រាបថា ការគាំទ្រនេះជាផ្នែកមួយនៃគម្រោង PEARL ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង និងអនុវត្តរួមគ្នាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ គម្រោងនេះបានគាំទ្រដល់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប តាមរយៈការផ្តល់ត្រាក់ទ័រ៣៤គ្រឿង ម៉ាស៊ីនច្រូតកាត់១៧គ្រឿង ត្រាក់ទ័រខ្នាតតូច៦គ្រឿង ផ្ទះសំណាញ់៨៩ខ្នង ដ្រូនកសិកម្ម២គ្រឿង និងទីធ្លាហាលកសិផល១០កន្លែង ដើម្បីរួមចំណែកលើកកម្ពស់ផលិតភាព និងជីវភាពរស់នៅរបស់ប្រជាកសិករ៕