នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញប្រព័ន្ធធារាសាស្រ្តបែបកសិអេកូឡូស៊ី” ជាមួយគម្រោង គណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកទេសស្តីពីទឹកសម្រាប់កសិកម្ម (COSTEA) ដំណាក់កាលទី៣ ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយមានកិច្ចសហការជាមួយសមាគមមិនស្វែងរកប្រាក់ចំណេញរបស់ប្រទេសបារាំង Eau, Agricultures et Territories (EAT) និងធ្វើឡើងនៅ ២ប្រទេស ផ្សេងគ្នា (កម្ពុជា និងសេណេហ្គាល់) ក្រោមជំនួយហិរិញ្ញវត្ថុពីទីភ្នាក់ងារបារំាង សម្រាប់ការអភិវឌ្ឈន៍ (AFD)។
លើកឡើងនាឱកាសបើកសិក្ខាសាលា ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គំរូដាំដំណាំតែមួយមុខដែលពឹងផ្អែកលើសារធាតុគីមី បានឈានដល់ ដែនកំណត់ហើយ។ ឯកឧត្តម បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងកាលវិភាគផ្តល់ទឹកត្រូវតែ រៀបចំឡើងវិញឱ្យស្របតាម ប្រតិទិនដាំដុះចម្រុះ ហើយបច្ចុប្បន្នក្រសួងកំពុងពង្រឹងសមត្ថភាពមន្ត្រីកសិកម្ម ឃុំ ដើម្បីជួយកសិករឱ្យ សម្រេចបានគោលការណ៍ «ប៣» គឺ៖ បន្ថយការប្រើប្រាស់ធាតុចូលគីមី បន្ថែមធាតុចូលធម្មជាតិ និងបង្កើនទិន្នផល។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្របែបកសិអេកូឡូស៊ី គឺជាការអនុវត្ត និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព សមធម៌ និងតម្លាភាព ដែលជួយការពារសុខភាព បរិស្ថាន និងជីវៈចម្រុះ ព្រមទាំងបង្កើតសេដ្ឋកិច្ចវិលជុំ។ តាមរយៈការធ្វើពិពិធកម្មកសិកម្ម ការកាត់បន្ថយថ្លៃដើម ការស្វែងរកទីផ្សារ និងការចូលរួមពីគ្រប់ភាគី ប្រព័ន្ធទាំងនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពកសិករ និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕