ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតាមដាន និងពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង LASED III នៅទីតាំងដីសម្បទានសង្គមកិច្ចក្នុងខេត្តចំនួន៧
ចេញផ្សាយ ៧ វិច្ឆិកា ២០២៦
174
ចាប់ពីថ្ងៃទី២-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានដឹកនាំក្រុមការងារគម្រោង ចុះបំពេញបេសកកម្មនៅទីតាំងដីសម្បទានសង្គមកិច្ចក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តកំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។
ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពជីវភាព ការប្រកបរបរចិញ្ចឹមជីវិត បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់សម្បទានិកដែលជាអ្នកទទួលផលពីគម្រោង ដើម្បីជាមូលដ្ឋានក្នុងការរៀបចំការគាំទ្រ និងអន្តរាគមន៍ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ដើម្បីវាយតម្លៃលើសមត្ថភាពស្តុកទឹក និងលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់បម្រើដល់សកម្មភាពកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីជំនាញ និងក្រុមការងារពាក់ព័ន្ធ ឱ្យបន្តសហការជាមួយមន្ទីរជំនាញតាមបណ្តាខេត្តគោលដៅ ក្នុងការតាមដានស្ថានភាពរស់នៅរបស់សម្បទានិក ផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម និងផ្សព្វផ្សាយព័ត៌មានទីផ្សារជូនកសិករ ព្រមទាំងសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជំរុញផលិតកម្មកសិកម្ម បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលបំណងរបស់គម្រោង LASED III៕