នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងវិស័យកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្រ្តីកសិកម្ម-ឃុំ និងគូសបញ្ជាក់ពីការកាត់បន្ថយថ្លៃដើមផលិតកម្ម ថាមពលក្នុងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ ដែលភាគីអាល្លឺម៉ង់ អាចពិនិត្យលទ្ធភាពចូលរួមគាំទ្រ សំដៅលើកកម្ពស់ជីវភាព បង្កើនប្រាក់ចំណូលប្រជាកសិករ ធានាបានសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
ភាគីទាំងពីរ បានបង្ហាញគោលជំហរពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ឱ្យមានការរីកចម្រើនជាលំដាប់ក្នុងវិស័យកសិកម្ម ស្របពេលដែលប្រទេសទាំងពីរ នឹងឈានទៅប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ នាពេលខាងមុខ៕