នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំ ជាមួយតំណាងមន្ទីរកសិកម្មខេត្តកណ្តាល និងមន្ត្រីជំនាញ ព្រមទាំងបានចុះមកមើលសត្តឃាតដ្ឋាន ម៉ូវ ឃាង នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅពេលរសៀល ក្រុមការងារបន្តកិច្ចប្រជុំជាមួយតំណាងសាលាខេត្តកណ្ដាល ដែលមានលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាលនិងសហការី ព្រមទាំងតំណាងក្រសួងមហាផ្ទៃ បានពិភាក្សានិងពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកណ្តាលផងដែរ។
ឯកឧត្ដមបានគូសបញ្ជាក់ថា ក្រុមការងារ និងបន្តពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបន្តការតាមដានលើការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យនិងពិភាក្សាគ្នាអំពីវឌ្ឍនភាពការងារនិងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការផ្តល់សេវារដ្ឋបាល វិស័យកសិកម្ម តាមយន្តការច្រកចេញចូលតែមួយនិងពិនិត្យលើសំណុំឯកសារ ស្នើសេវារដ្ឋបាល ពាក់ព័ន្ធនឹងការងារកសិកម្មនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកណ្តាល លើសេវាជីថ្នាំកសិកម្ម អនុវិស័យជលផល សេវាផលិតកម្មនិងបសុព្យាបាល៕