នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ ឯកឧត្តម គី ច័ន្ទរំដួល បានលើកឡើងពីគោលនយោបាយក្នុងវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង និងនិរន្តរសេដ្ឋកិច្ច និងបរិស្ថាន ពោលគឺសម្រេចបាននូវ «មានហូប មានប្រើ មានបាន និងមានរហូត» និងបានណែនាំដល់សមាគម ពិនិត្យលទ្ធភាពក្នុងការជំរុញការងារដឹកជញ្ជូនកសិផលឱ្យមានគុណភាព អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម ការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិផលសក្កានុពល ដើម្បីអាចបង្កើនការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិជាមួយនឹងតម្លៃបន្ថែម និងទទួលបានផលចំណេញទាំងអស់គ្នា៕