នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានអនុញ្ញាតឱ្យក្រុមហ៊ុន Hernan Agriculture Investment Group របស់ខេត្តហឺណាន ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការវិនិយោគកែច្នៃផលិតផលកសិកម្ម និងផលិតជីកសិកម្ម នៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ជានិច្ចចំពោះរាល់វិនិយោគិនបរទេស រួមទាំងប្រទេសចិនដែលជាមិត្តដែកថែបរបស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម។ ឯកឧត្តមបានលេីកឡេីងអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ជាពិសេសក្នុងការកែច្នៃនាំចេញ និងបានផ្តល់ព័ត៌មានអំពីបរិយាកាសវិនិយោគដែលមានភាពងាយស្រួល និងទទួលបានការលេីកទឹកចិត្តច្រេីនពីរាជរដ្ឋាភិបាល។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់ព័ត៌មានដល់ក្រុមហ៊ុនអំពីឯកសារក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសជាផ្លូវការនៅក្នុងពេលខាងមុខ ដែលនឹងផ្តល់ការលេីកទឹកចិត្តកាន់តែច្រេីនថែមទៀតដល់ការបង្កេីតសួនកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃផលិតផលកសិកម្មដេីម្បីនាំចេញ។
ក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ និងព័ត៌មានសំខាន់ៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ និងប្តេជ្ញាស្វែងយល់ឱ្យកាន់តែសុីជម្រៅថែមទៀត ដេីម្បីឈានទៅរកការចាប់ផ្តើមការបោះទុនវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា នាពេលខាងមុខ៕