នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ការពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (FMM-MAFF) នៅសណ្ឋាគារ Epress Angkor ខេត្តសៀមរាប។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលបន្ថែម ពីអង្គភាពពាក់ព័ន្ធ រួមមានអង្គភាពក្រោមឱវាទក្រសួង រួមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលទាំង៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន១១០នាក់ ដើម្បីធ្វើការកែសម្រួលជាលើកចុងក្រោយ ឱ្យគោលការណ៍ណែនាំរួមនេះ (FMM-MAFF) ងាយយល់ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងដាក់ប្រកាសឱ្យអនុវត្ត។
ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាទៅលើចំណុចអាទិភាព និងផ្តល់ជាធាតុចូល ដើម្បីឱ្យគោលការណ៍ណែនាំរួមនេះ (FMM-MAFF) បានកែសម្រួលបញ្ចប់ទាន់ពេលវេលា ត្រឹមឆ្នាំ២០២៤ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងផងដែរ៕