នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល (DDT) បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំសំបួរ មន្រ្តីរាជការនៃនាយកដ្ឋាន និងរដ្ឋបាលឃុំសំបួរ និងមេភូមិ បានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តត្រៃបទុមារាមសំបួរមាស និងវត្តស្រះឈូក ស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបូរី។ ពិធីនេះមានការចូលរួមពីរដ្ឋបាលឃុំសំបួរ ព្រមទាំងមានការចូលរួមឧបត្ថម្ភថវិកា ពីឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង លោកស្រី វន់ គន្ធា និងក្រុមការងារនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល ដោយបាននាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃនៃវត្តទាំងពីរ។
ជាមួយគ្នានេះ ក្នុង១វត្តៗ ក្រុមការងារបានប្រគេនទេយ្យទាន រួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ មី២កេស ស្លាដក់២ប្រអប់ ភេសជ្ជៈ ២កេស ទឹកសុទ្ធ២កេស និងត្រីខ ៣យួរ គិតជាទឹកប្រាក់ចំនួន១ ៤៨៤ ០០០រៀល។ ចំពោះបច្ច័យ ក្រុមការងារបានប្រគេនដល់ព្រះសង្ឃក្នុងមួយវត្តចំនួន ១៥០,០០០រៀល និងចូលរួមបច្ច័យកសាងវត្តក្នុងមួយវត្តចំនួន ៥០០,០០០រៀល សរុប ១,០០០,០០០រៀល។ ទន្ទឹមនឹងនោះ ក៏បានជូនបច្ច័យដល់អាចារ្យ និងយាយជីចំនួន ៨៤០,០០០រៀល និងចូលរួមកាន់បិណ្ឌបន្ត ២វេន ចំនួន ១ ០០០,០០០រៀលផងដែរ សរុបថវិកាដែលបានចូលរួមក្នុងសកម្មភាពកាន់បិណ្ឌនេះ មានចំនួន ៤, ៨២៤,០០០រៀល។
សូមជម្រាបជូនថា សកម្មភាពខាងលើនេះ បានបង្ហាញពីស្មារតីចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្នុងការថែរក្សា និងលើកតម្កើងប្រពៃណីទំនៀមទម្លាប់ខ្មែរ ព្រមទាំងចូលរួមគាំទ្រវិស័យព្រះពុទ្ធសាសនា និងបង្កើនសាមគ្គីភាពជាមួយអាជ្ញាធរឃុំសំបួរ និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន៕