នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំមហាសន្និបាតកំណើតដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »ក្រោមអធិបតីភាព ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារគម្រោងថ្នាក់ស្រុក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងកសិករ និងសមាជិកសហគមន៍សរុបចំនួន ៣២៤នាក់។
នាឱកាសនោះ ឯកឧត្តម ខាត់ សុធី បានមានមតិសំណេះសំណាល និងប្រកាសបើកមហាសន្និបាត ដោយបានលើកឡើងពីគោលបំណងរបស់គម្រោង EMPOWER ក្នុងការគាំទ្រកសិករ តាមរយៈការចងក្រង និងបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹងកម្លាំងផលិតកម្ម និងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើអាជីវកម្មរបស់កសិករ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី » នឹងក្លាយជាយន្តការសំខាន់មួយសម្រាប់ប្រមូលផ្តុំកសិករ ពង្រឹងការផលិត និងបង្កើនឱកាសទីផ្សារ ព្រមទាំងបានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពរបស់សហគមន៍ ដើម្បីធានាឱ្យសហគមន៍មានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។
សូមបញ្ជាក់ថា អង្គមហាសន្និបាតបានពិនិត្យ ពិភាក្សា និងអនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ព្រមទាំងបានជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មទំនើប ដើម្បីបន្តដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់សហគមន៍ ឈានទៅរកការចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ ៕