នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារក្រសួង ដើម្បីត្រៀមធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការ។
ឯកឧត្តមបានលើកឡើងថា តបតាមប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងនឹងរៀបចំធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការនាពេលឆាប់ៗខាងមុខនេះ ហើយការធ្វើតេស្តនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់ដូចភ្លៀងរលឹម នៅតាមអង្គភាពនានាចំណុះក្រសួង ដើម្បីក្រើនរម្លឹក និងជំរុញឱ្យមន្ត្រីទាំងអស់ចៀសឆ្ងាយពីគ្រឿងញៀន ស្របតាមបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០១ សណន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឯកឧត្តមបានពន្យល់ និងណែនាំដល់ក្រុមការងារឱ្យយកចិត្តទុកដាក់អនុវត្តការធ្វើតេស្តនេះឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់៕