ពិព័រណ៍កសិអេកូឡូស៊ី៖ ការរួមចំណែកមួយឆ្ពោះទៅកាន់ទស្សនវិស័យកសិកម្មសរីរាង្គខេត្តព្រះវិហារ
=====================
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET Project) បាននរៀបចំ “ពិព័រណ៍កសិអេកូឡូស៊ីខេត្តព្រះវិហារ” ក្រោមអធិបតីភាពឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមតំណាងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ គម្រោង ASSET អង្គការ CIRAD សហភាពសហគមន៍កសិកម្ម អង្គការដៃគូពាក់ព័ន្ធ វិស័យឯកជន និងកសិករសរុបប្រមាណ២០០ នាក់ (ស្រ្តី ៩៨នាក់)។ ពិព័រណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈជាពិសេសសម្រាប់អ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មសរីរាង្គ និងអំពីអត្ថប្រយោជន៍នានា នៃប្រព័ន្ធដាំដុះតាមបែបកសិអេកូឡូស៊ី និងផលប៉ះពាល់អវិជ្ជមាននៃការអនុវត្តកសិកម្មតាមទម្លាប់ ដែលពឹងផ្អែកច្រើនលើធាតុចូលកសិកម្មគីមី។ ពិព័រណ៍កសិអេកូឡូស៊ីនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងការួមគ្នាឆ្ពោះទៅរកការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងការលើកកម្ពស់កសិកម្មសរីរាង្គ តាមរយៈការប្រមូលផ្តុំអ្នកពាក់ព័ន្ធ រួមទាំងកសិករ អ្នកស្រាវជ្រាវ អ្នកគោលនយោបាយ និងអ្នកប្រើប្រាស់។ ពិព័រណ៍នេះពិតជាមានសារ:ប្រយោជន៍ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ ការច្នៃប្រឌិតក្នុងវិស័យកសិកម្ម ពីគ្រប់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម ព្រោះវាបញ្ជាក់ពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រព័ន្ធស្បៀងអាហារ និងការថែរក្សាធនធានធម្មជាតិនិងបរិស្ថាន។