នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា លើការរៀបចំយន្តការក្នុងការផលិតស្រូវចំណី តាមប្រព័ន្ធពូជសុទ្ធ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យន្តការនេះ ចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហាដែលរាំងស្ទះដល់ការងារស្រូវអង្ករ ដែលជាកសិផលសក្តានុពលសម្រាប់នាំចេញរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំឱ្យក្រុមការងារត្រូវពិនិត្យលើយន្តការការងារ សំដៅពង្រឹងខ្សែច្រវាក់ទាំងស្រុង តាំងពីការផលិតពូជសុទ្ធ រហូតដល់ការដាំដុះ និងការនាំចេញ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ត្រូវបង្កើនទំនុកចិត្ត និងជំរុញកសិករឱ្យប្រើប្រាស់ពូជសុទ្ធឱ្យពិតប្រាកដ ដោយផ្តោតសំខាន់លើពូជស្រូវផ្ការំដួលសម្រាប់ពេលបច្ចុប្បន្ន និងជាបន្ទាប់សែនក្រអូប តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យាឱ្យមានប្រសិទ្ធភាព មានការបង្កើតក្រុមអ្នកផលិតពូជសុទ្ធ និងការកំណត់តម្លៃរួមគ្នា ដើម្បីទទួលយកបានទាំងអស់គ្នា។
ដើម្បីសម្រេចការងារនេះបាន ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់អំពីកិច្ចសហការល្អរវាងភាគីរដ្ឋ សហគមន៍អ្នកផលិតពូជ និងវិស័យឯកជន ក្នុងការពិនិត្យ និងដោះស្រាយបញ្ហាជាមួយគ្នា ដោយត្រូវពង្រឹងនិងជំរុញប្រព័ន្ធពូជសុទ្ធ បង្កើតក្រុមការងារដែលមានការគិតគូរជាលក្ខណៈបែបសេដ្ឋកិច្ច និងការបង្កើតសហគមន៍ធ្វើពូជទំនើបដើម្បីមានសក្តានុពលអាចពង្រីកពូជ សម្ងួត និងផលិតពូជស្រូវផ្ការំដួលសុទ្ធគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់កសិករ ធ្វើយ៉ាងណាផ្ដល់ផលចំណេញទាំងអស់គ្នា ដោយធានាឱ្យបាននូវនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ៕