នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកនាយកក្រុមហ៊ុន ស្មាយល៍ សប ឯ.ក និងសហការីដើម្បីសម្តែងការគួរសម និងជម្រាបជូនអំពីកម្មវត្ថុនៃការវិនិយោគលើការធ្វើពាណិជ្ជកម្មកសិផលតាម ប្រព័ន្ធ online។
លោកបានធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបអំពីគោលបំណងរបស់ក្រុមហ៊ុន រចនាសម្ព័ន្ធទីផ្សារ ការផ្តល់ព័ត៌មានទីផ្សារកសិផល ដៃគូសហការ សេវាកម្មដឹកជញ្ជូនទំនិញ ការបញ្ជាទិញកសិផលតាម online ការចាយប្រាក់ បណ្តាញទីផ្សារ មីក្រូហិរញ្ញវត្ថុ ទំនាក់ទំនងពាណិជ្ជកម្ម ការនាំចេញ និងនាំចូល។ល។ លោកបន្តថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺ ឆ្លងកូវីដ-១៩ ធ្វើឲ្យសកម្មភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកាន់តែមានការពិបាក ហេតុនេះហើយកម្មវត្ថុខាងលើនឹងប្រាកដជាចូលរួមចំណែកដោះស្រាយបញ្ហាជូនអតិថិជន និងជាពិសេសចូលរួមបង្កើតឱកាសសម្រាប់កសិករ សហគមន៍កសិកម្ម និងអ្នកផលិត អាចបន្តរក្សានិរន្តរភាពទីផ្សារកសិផលរបស់ខ្លួនបានល្អ។ មិនតែប៉ុណ្ណោះ កសិផលកម្ពុជាអាចមានឱកាសលក់ចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រចំពោះគោលបំណងរបស់ក្រុម ដោយសារកម្មវត្ថុនៃការ ធ្វើពាណិជ្ជកម្មកសិផលតាមប្រព័ន្ធ online មានសារសំខាន់ និងពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការចូលរួមដោះស្រាយបញ្ហាកកស្ទះទីផ្សារកសិផល តាមរយ:ការលក់ចេញតាម online ការផ្តល់សេវាដឹកជញ្ជូនរហ័សទាន់ចិត្តជូនអតិថិជន ដល់គ្រប់ទីកន្លែង និងគ្រប់ពេល វេលា។ លោកក៏បានជម្រាបជូនភ្ញៀវថា បច្ចុប្បន្នក្រសួងមាន CamAgri-Market App, Khmeragri.info និង Chamkar App ដែលជាបណ្តាញផ្សព្វផ្សាយព័ត៌មានទីផ្សារកសិកម្ម។ ដូច្នេះក្រមហ៊ុនអាចសហការជាមួយក្រសួងបាន ដើម្បីពង្រីកការងារផ្សព្វផ្សាយអំពីព័ត៌មានទីផ្សារកសិកម្ម តម្រូវការបរិមាណផ្គត់ផ្គង់ ដំណាំដែលមានសក្តានុពល និងតម្លៃ។ល។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងជូនពរឲ្យទទួលបានជោគជ័យ ក្នុងន័យសំខាន់គឺគាំទ្រ និងលើកកម្ពស់ការអនុវត្តអភិក្រម "រដ្ឋ-ដៃគូអភិវឌ្ឍន៍-វិស័យឯកជន-សហគមន៍កសិកម្ម" ឲ្យបាន់តែមានប្រសិទ្ធភាពក្នុងទិសដៅរួមមួយគឺជួយរក និងពង្រីកទីផ្សារកសិផលនាពេលអនាគតដ៏ខ្លីខាងមុខ។