នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃគម្រោង រួមទាំងផលប៉ះពាល់ពីភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យកសិករមួយចំនួននៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ត្រូវបោះបង់លំនៅដ្ឋានរបស់ពួកគេ។
កិច្ចប្រជុំនេះមានការចូលរួម ពីឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការី ។
គណៈកម្មាធិការបានអនុម័តការផ្តល់ជំនួយបន្ទាន់ ដល់កសិករដែលបានផ្លាស់ទីលំនៅ ដើម្បីធានាថាពួកគេមានសុវត្ថិភាព និងសុខភាពល្អ។ កិច្ចប្រជុំក៏បានឯកភាពលើវិធានការនានា ដើម្បីពន្លឿនការអនុវត្តគម្រោង បង្កើនការសហការជាមួយដៃគូ និងធ្វើឱ្យប្រសើរឡើងនូវការទិញសម្ភារៈ និងការគ្រប់គ្រងគម្រោង ដើម្បីផ្តល់ការគាំទ្រដល់កសិករឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា គម្រោង PEARL ត្រូវបានគាំទ្រដោយមូលនិធិអាកាសធាតុបៃតង (Green Climate Fund) និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO ដោយមានគោលបំណងគាំទ្រកសិករតូចចំនួន ៤៥០ ០០០ នាក់ នៅតំបន់អាងទន្លេសាបភាគខាងជើង៕