ចេញពីកសិដ្ឋានចិញ្ចឹមមាន់ ឯកឧត្តមរដ្ឋមន្ត្រីឆ្លៀតចូលសួរសុខទុក្ខសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំរលាំងចក។ កញ្ញា វង្ស ចំប៉ា ប្រធានសហគមន៍បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបអំពីភារកិច្ចរបស់សហគមន៍ សកម្មភាពប្រចាំថ្ងៃ អាជីវកម្មធាតុចូលកសិកម្ម ការប្រមូលទិញស្រូវពីសមាជិក ការចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដើមទុន ការចិញ្ចឹមកង្កែប និងបញ្ហាប្រឈម។ល។ ឃើញជាក់ស្តែងនូវការរីកលូតលាស់ធំធាត់នៃអាជីវកម្មរបស់សហគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ គាំទ្រ និងលើកទឹកចិត្តឲ្យសហគមន៍ខិតខំប្រឹង ប្រែងបន្ថែម ទៀតទាំងលើអាជីវកម្មធាតុចូលកសិកម្ម និងអាជីវកម្មផ្សេងៗទៀត ព្រមជាមួយការចិញ្ចឹមត្រី កង្កែប និងមាន់។ ចំណូលដែលទទួលបានពីប្រភពអាជីវកម្មទាំងអស់នឹងធ្វើឲ្យសហគមន៍កាន់តែអភិវឌ្ឍន៍ខ្លួនជាបណ្តើរៗ ក្លាយជាសហគ្រិននាពេលអនាគត។ ដើម្បីជាការបំពេញបន្ថែម និងបង្កើតការងារ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្រ្តីជំនាញរដ្ឋបាលជលផលមកសហការដើម្បីសិក្សាពីលទ្ធភាពបង្កើតកន្លែងភ្ញាស់កូនត្រីសម្រាប់ផ្គត់ផ្គង់ឲ្យសមាជិក ដោយសារភូមិសាស្រ្តអំណោយផល។ ដើម្បីជួយលើកទឹកចិត្ត ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភថវិកាចំនួន ១លានរៀលផងដែរ។