នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលេីកទី១១៤ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ស្ថិតក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប" ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងក្តីសោមនស្សរីករាយចំពោះការប្រារព្ធពិធីដ៏មានអត្ថន័យនេះ ដែលការចូលរួមរបស់ស្រ្តីពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តឱ្យមានការគិតគូរលេីមន្រ្តីរាជការជាស្ត្រី ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាព ផ្តល់ឱកាសការងារ ផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព មានចំណង់ចំណូលចិត្តពិតប្រាកដ មានលទ្ធភាពបំពេញការងារពេញលេញ មានការទទួលខុសត្រូវ និងចូលរួមជាកម្លាំងជាមួយបុរសដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម និងសង្គមជាតិ ប្រកបដោយភាពរឹងមាំ និងភាពជឿជាក់។
ជាថ្មីម្តងទៀត ក្នុងមនោសញ្ចេតនាអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលេីកទី១១៤ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានសហការការងារក្នុងវិស័យកសិកម្ម និងចូលរួមដោះស្រាយការងារចំពោះមុខប្រកបដោយប្រសិទ្ធភាព និងសូមជូនពរដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប ទទួលបានសេចក្តីសុខ សុភមង្គលក្រោមម្លប់សុខសន្តិភាព៕