នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញត្រូវតាមដានវិភាគ ពីតួលេខស្ថិតិនៃប្រភេទដំណាំសំខាន់ៗឱ្យច្បាស់លាស់ រាយការណ៍នូវភាពជាក់ស្តែង និងពិតប្រាកដ ហើយត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់អ្នកជំនាញ ត្រូវសិក្សាលម្អិតបន្ថែមទៀតដើម្បីរៀបចំគម្រោងផែនការមួយច្បាស់លាស់ ព្រមទាំងវាយតម្លៃនូវលទ្ធផល និងផលប៉ះពាល់ផ្សេងៗទាំងលក្ខណៈបច្ចេកទេសនិងនយោបាយ ជាពិសេសត្រូវប្រើប្រាស់ថវិកា ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយមុនធ្វេីការអនុវត្តគម្រោងនេះ៕