នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម បានអញ្ជើញជាអធិបតីភាពក្នុងពិធីការពារសារណាបទបញ្ចប់ការសិក្សារបស់និស្សិតផ្នែកអាហារូបករណ៍ជំនាន់ទី១៩ និងផ្នែកបណ្តុះបណ្តាលបន្តជំនាន់ទី២២ ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញេីដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវខិតខំពង្រីកសក្តានុពលការបង្រៀនប្រកបដោយប្រសិទ្ធភាព ជំរុញការស្រាវជ្រាវ ការច្នៃប្រឌិតដល់សិស្សនិស្សិត នាំយកនូវចំណេះដឹងថ្មី ភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ លេីសពីនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង មានទំនួលខុសត្រូវ មានវិជ្ជាជីវៈច្បាស់លាស់ ព្រមជំរុញកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្មួយៗនិស្សិត ត្រូវចូលរួមគោរពបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថាន ខិតខំរៀនសូត្រ បញ្ចេញឱ្យអស់សមត្ថភាពក្នុងការការពារសារណាបទ ដេីម្បីទទួលបានជោគជ័យ ជាពិសេសត្រូវជៀសឆ្ងាយពីគ្រឿងញៀន ដេីម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ៕