នៅថ្ងៃច័ន្ទ ០៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩៖
ក្រុមការងារការិយាល័យព័ត៌មានវិទ្យា និងបចេ្ចកវិទ្យាទូរគមនាគមន៍ របស់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដើម្បីធ្វើការតាមតាន ការអនុវត្ត ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មីៗនៃគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដោយបានជួបជាមួយនឹងមន្ត្រីដែលទទួលបន្ទុកលើការងារគ្រប់គ្រងគេហទំព័រនេះ ប្រព្រឹត្តនៅមន្ទីរផ្ទាល់ និងមានការបង្ហាត់បង្ហាញយ៉ាងលម្អិតអំពីចំណុចកែប្រែ ការកែប្រែមុខងារប្រើប្រាស់ថ្មី កែតម្រូវលើចំណុចខ្វះខាតដែលមន្ត្រីបានអនុវត្តកន្លងមកលើការបញ្ជូលព័ត៌មាន ដោយក្រុមការងារការិយាល័យព័ត៌មានវិទ្យា និងបចេ្ចកវិទ្យាទូរគមនាគមន៍។
ចំពោះការធ្វើបច្ចុប្បន្នភាពគេហទំព័រមានដូចជា៖
- ការផ្លាស់ប្តូរលើទម្រង់គេហទំព័រអ្នកគ្រប់គ្រង (admin page)
- ការកែសម្រួលឲ្យការផ្លាស់ប្តូរលេខសំងាត់មានភាពងាយស្រួល និងលឿនជាងមុន (forgot password)
- ត្រូវផ្លាស់ប្តូរ រចនាសម្ព័ន្ធ នៃទំព័រទៅក្នុង អំពីមន្ទីរវិញ
- ការបន្ថែមនៅត្រង់ចំនុច មាតិកា (Main category)អាចឲ្យថែម អនុមាតិកា (Sub category)
- ត្រូវផ្លាស់ប្តូរ ការបណ្តុះបណ្តាល និងសិក្ខាសាលា ទៅក្នុង ព្រឹត្តការណ៍ ព័ត៌មាន វិញ
- ការបន្ថែមរូបភាពក្របមុខ នៅក្នុងទំព័រដើម ទៅលើ មាតិកានីមួយៗ (Main category)
- ការផ្លាស់ប្តូរត្រង់ចំនុចអ្នកលក់ អ្នកទិញ ដោយបានធ្វើការដក់ចេញចំពោះ អ្នកទិញ
- បានបន្ថែមលើអ្នកគ្រប់គ្រងគេហទំព័រ ដោយបន្ថែមឲ្យមាន ២ កម្រិត គឺ៖ super admin និង admin។
ជំនួបពិភាក្សាខាងលើបានបញ្ចប់ទៅនៅវេលាម៉ោងបួនរសៀល ដោយបរិយាកាសស្និតស្នាល ក្នុងនោះផងដែរក្រុមការងារបានវាយតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញលើការគ្រប់គ្រងគេហទំព័ររបស់មន្ទីរ និងជំរុញបន្ថែមទៀតលើការងារនេះ ដើម្បីឱ្យវិស័យកសិកម្មកាន់តែមានការរីកចម្រើន។