នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» នៅដែនសមុទ្រខេត្តព្រះសីហនុ។
ពិធីនេះរៀបចំឡើងដោយក្រុមហ៊ុន ហ៊រទាន សីហនុវីល ដោយមានការចូលរួមពី លោក TONG XINHONG អគ្គនាយកក្រុមហ៊ុន លោក អ៊ុក វិបុល ប្រធាន នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។
ថ្លែងនាឱកាសបើកកម្មវិធី លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា កម្មវិធី លែងកូនត្រីចំនួន ១០,០០០ ក្បាល និងកូនក្តាមសេះចំនួន ៥០,០០០ ក្បាល ចូលទៅក្នុងដែនសមុទ្រនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ និង ជាក់ស្តែងក្នុងការអភិរក្ស បង្កើន និងពង្រីកប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជាឱ្យកាន់ តែសម្បូរបែបថែមទៀត។
លោកជំទាវ បានបន្ថែមថា ការអភិរក្សធនធានជលផលមិនមែនជាបន្ទុកដាច់ ដោយឡែករបស់ស្ថាប័នរដ្ឋនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ភាគីពាក់ព័ន្ធ ទាំងអស់។ ជាមួយគ្នានេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះគំរូដ៏ប្រពៃនៃកិច្ចសហការរវាងរដ្ឋនិងវិស័យឯកជនមួយនេះ។ លោកជំទាវ សូមលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដទៃទៀត ចូលរួមក្នុងសកម្មភាពអភិរក្សឱ្យបានផុលផុស ដើម្បីធានានិរន្តរភាពធនធាន ជលផល និងទ្រទ្រង់ជីវភាពសហគមន៍នេសាទក្នុងតំបន់៕