នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន បានដឹកនាំក្រុមការងារជំនាញ ប្រជុំពិភាក្សាជាមួយតំណាងដៃគូអភិវឌ្ឍន៍ ស្ដីពី ការចុះប្រមូលទិន្នន័យតម្រូវការបន្លែ ក្នុងគោលបំណងសិក្សាអំពីតម្រូវការបន្លែប្រចាំថ្ងៃតាមតំបន់។
ការសិក្សានេះ ចាប់ផ្ដើមពីផ្សារធំៗក្នុងរាជធានីភ្នំពេញ-ខេត្ត-ក្រុង និងបណ្ដាក្រុងទេសចរណ៍ ដើម្បីជាមូលដ្ឋានរៀបចំផែនការអនុវត្ដជំរុញផលិតកម្មសាកវប្បកម្ម ស្របតាមអនុសាសន៍របស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានកម្មវត្ថុប្រមូលធាតុចូលពីផ្នែកពាក់ព័ន្ធលើទិន្នភាពទូទៅអំពីផលិតផលបន្លែលើទីផ្សារ និងបញ្ជីសំនួរ បូករួមវិធីសាស្រ្ដប្រមូលទិន្នន័យសម្រាប់ការវិភាគ ពិនិត្យលទ្ធភាពចូលរួមពីជំនាញលើការគាំទ្រដល់សហគមន៍ទំនើបដើម្បីបញ្ចៀសបញ្ហារាំងស្ទះដល់ផលិតភាពផលិតកម្មបន្លែ ការផ្ដល់បច្ចេកទេស ធាតុចូល និងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធលើចរន្ដផលិតផលកសិកម្មលើទីផ្សារ ការពិនិត្យវឌ្ឍនភាពទស្សនទានលើការជំរុញផលិតកម្មបន្លែនិងស្វាយកែវរមៀតកម្ពុជា និងកែសម្រួលលើរបាយការណ៍ប្រចាំសប្តាហ៍ ដោយផ្ដោតលើលទ្ធផល និងភាពចាំបាច់របស់ក្រសួងកសិកម្មជាដើម។
តាមរយៈជំនួបលើកទី១នេះ ក្រុមការងារបានឯកភាពគ្នាបន្ដកិច្ចប្រជុំលើកទី២ នៅក្នុងសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ដើម្បីពិនិត្យបូកសរុបសកម្មភាពរួមសម្រាប់ដំណើរការចុះប្រមូលទិន្នន័យបន្លែ ព្រមទាំងបន្ដចុះពិនិត្យស្ថានភាពផលិតកម្មបន្លែជាក់ស្ដែងទៅលើសហគមន៍កសិកម្មទំនើបក្នុងខេត្ដតាកែវ៕