នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក មិត្រ សុខសុភ័ក្រ្ត នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ស៊ាន សំអុល នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ និងសហការី ដោយមានកម្លាំងសរុបចំនួន ១៣នាក់ និងប្រើមធ្យោបាយកាណូតចំនួន ៣គ្រឿង បានចេញប្រត្តិបត្តិការណ៍ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅចំណុចព្រែកទាល់ ពាក់កន្ទេល ព្រែកត្រសក់ ក្បាលតោល ស្ថិតក្នុងភូមិសាស្រ្តភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានធ្វើការពិនិត្យមើលការធ្វើនេសាទដោយឧបករណ៍មងរាយចំនួន១០ទូក និងឧបករណ៍នេសាទលបរ៉ាវចំនួន ២០ របាំង ដោយជាក់ស្តែងយើងសង្កេតឃើញថា ប្រជានេសាទបានធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទបានត្រឹមត្រូវតាមច្បាប់កំណត់។ ចំពោះផលត្រីយើងសង្កេតឃើញថាមានការកើនឡើងគួរអោយកត់សម្គាល់។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន ផល្លីកា បានសម្តែងការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់មន្រ្តី អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបង្រ្កាប ដោយបានកត់សម្គាល់ឃើញថា ឧបករណ៍ខុសច្បាប់មានការថយចុះច្រើននិងប្រជានេសាទយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទនារដូវបើកនេសាទនេះជាដើម៕