ក្នុងគោលបំណងផ្តល់ឱកាសជូនគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃពោត យល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការហាលសម្ងួត ការទុកដាក់ ការប្រមូលទិញ ការកែច្នៃ ការលក់ដូរនៅក្នុងស្រុក និងការនាំចេញពោត ហើយរួមគ្នាកំណត់ និងប្រើប្រាស់ដំណោះស្រាយសមស្រប នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយ ឯកឧត្តម ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីក្រសួង និងទីប្រឹក្សានៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) រៀបចំ និងដំណើរការវេទិកាខាងលើ នៅទីរួមខេត្តសៀមរាប។
សិក្ខាកាម ដែលជាបុគ្គលិក ទីប្រឹក្សា និងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន ៧ គឺខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ចាម ក្រចេះ និងខេត្តត្បូងឃ្មុំ តំណាងសហគមន៍កសិកម្ម សេវាករសម្ងួតពោត ព្រមទាំងក្រុមហ៊ុនកែច្នៃ លក់ និងនាំចេញពោត សរុបចំនួន ៩៤ នាក់ ក្នុងនោះមានស្ត្រី ២១ នាក់ បានបកស្រាយ និងស្តាប់បទបង្ហាញ ហើយពិភាក្សាយ៉ាងសកម្ម និងយ៉ាងយកចិត្តទុកដាក់ ។
ចំណុចសំខាន់ៗដែលបានផ្តោត មានដូចជា កម្មវិធីគោលនយោបាយជាតិ យុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចអន្តរាគមន៍របស់កម្មវិធី ASPIRE-AT តម្រូវការរបស់ទីផ្សារពោតនៅក្នុងប្រទេស និងនៅបរទេស ការកែលម្អ ឬ ការបង្កើនសមត្ថភាពផលិត ហាលសម្ងួត ទុកដាក់ និងកែច្នៃនៅក្នុងស្រុក ដើម្បីធ្វើឱ្យទទួលបានគ្រាប់ពោតច្រើន និងមានគុណភាពកាន់តែល្អ សំដៅទទួលបានតម្លៃបន្ថែម ព្រមទាំងការសម្របសម្រួលឱ្យមានការយល់គ្នាកាន់តែច្បាស់អំពីបញ្ហា និងតម្រូវការរបស់គ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃ ជាពិសេសអ្នកផលិត (កសិករ និងសហគមន៍កសិកម្ម) និងទីផ្សារ ឬ អ្នកទិញ (អ្នកប្រមូលទិញ ក្រុមហ៊ុនកែច្នៃ និងក្រុមហ៊ុននាំចេញ)។
គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕