នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្មវារីវប្បកម្មបង្កង (Crawfish) របស់ក្រុមហ៊ុន Hubei Laker Group ពីការបង្កាត់ពូជ រហូតដល់ការវេចខ្ចប់កែច្នៃ។
នាឱកាសនោះគណប្រតិភូក៏បានទស្សនានូវបទបង្ហាញរបស់ក្រុមហ៊ុននូវប្រវត្តិនៃការចាប់ផ្តើមវិនិយោគលើបារីវប្បកម្មបង្កង ជាមួយដីស្រែកសិករ ព្រមទាំងបង្ហាញនូវបទដ្ឋានតម្រូវសម្រាប់ការចិញ្ចឹម បច្ចេកទេសក្នុងការចិញ្ចឹមនិងប្រមូល បរិមាណទិន្នផល និងចំណូលពីការចិញ្ចឹម។ តាមរយៈនៃការវាយតម្លៃរបស់ក្រុមហ៊ុន បានបង្ហាញថា កសិករធ្វើស្រែអាចរកប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមប្រមាណ ១៥០០ដុល្លារក្នុងមួយហិកតា ដោយឡែកកសិករអាចរកប្រាក់ចំណូលពីការធ្វើស្រែនិងចិញ្ចឹមបង្កងប្រចាំឆ្នាំជាមធ្យមប្រមាណ ១០០០០ដុល្លារក្នុងមួយហិកតា។ ដើម្បីធ្វើឲ្យសម្រេចការងារខាងលើនេះ គឺយើងត្រូវការវិនិយោគជាសំខាន់ទៅលើ ១) ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងការគ្រប់គ្រងទឹកឲ្យបានប្រសើរបំផុត ២) ការវិនិយោគបន្ថែមលើការរៀបចំដីស្រែដែលមានប្រឡាយព័ទ្ធជុំវិញឲ្យ បានស្របតាមលក្ខណៈបច្ចេកទេសបានត្រឹមត្រូវ។