ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា ក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតកើតថ្មី ចំនួន ២ក្បាល ដែល ១ក្បាល ប្រទះឃើញ នៅខេត្តស្ទឹងត្រែង និង១ក្បាលទៀតនៅខេត្ត ក្រចេះ ។
នៅខេត្តស្ទឹងត្រែង ផ្សោតទើបនឹងកើតថ្មីមួយក្បាល ត្រូវប្រទះឃើញ នាវេលាម៉ោង១៣:៤៥នាទី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កាំងកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួ ន៦ក្បាលផ្សេងទៀត។
ក្នុងថ្ងៃតែមួយនេះ នៅខេត្តក្រចេះ ក្រុមការងារ បានប្រទះឃើញ ផ្សោតកើតថ្មីមួយក្បាល ដែរ ប៉ុន្តែកូន ផ្សោតនេះ ប្រទះឃើញ ពេលវាស្លាប់រួចទៅហើយ នៅត្រង់ចំណុចព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអន្លង់កាំពីប្រមាណ ១០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ កូនផ្សោតដែលស្លាប់នេះ មានប្រវែង១,០៦ម៉ែត្រ និងទម្ងន់១១គីឡូក្រាម ដែលទំនងជាទើប នឹងកើត បានអំឡុងពេលពី ១ ទៅ ២ថ្ងៃ ប៉ុណ្ណោះ ។
តាមការសន្និដ្ឋានបឋមការស្លាប់ របស់កូនផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះនេះ អាចបណ្តាលមកការបំពានរបស់ពពួកផ្សោតធំៗ ប៉ុន្តែក្រុមការងារស្រាវជ្រាវនឹងធ្វើការវិភាគជាបន្ត ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះ កម្ពុជាបានទទួលកូនផ្សោតកើតថ្មី ចំនួន ៥ក្បាល និងមានផ្សោតស្លាប់ ចំនួន ២ក្បាល ។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ និងស្នើជៀសវាងប្រើឧបករណ៍ឆក់និងឧបករណ៍មងក្រឡាធំនៅតាមអន្លង់ផ្សោត រស់នៅ។
ទន្ទឹមគ្នា នេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣, ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕