កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តថវិកាកម្មវិធី និងគម្រោងដៃគូអភិវឌ្ឍន៍ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមដោយប្រធាន អនុប្រធាននាយកដ្ឋាន មន្ទីរពិសោធន៍ជាតិកសិម្ម និងប្រធាន អនុប្រធានការិយាល័យ ក៏ដូជជាមន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទ និងដៃគូពាក់ព័ន្ធ សរុបចំនួន៤០នាក់។ កិច្ចប្រជុំខាងលើនេ មានគោលបំណង (១) បង្ហាញអំពីសមិទ្ធិផលការងារសម្រេចបានក្នុងឆ្នាំ២០១៩ និងបញ្ហាប្រឈម និង(២) កំណត់នូវទិសដៅ និងយុទ្ធសាស្រ្តសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។ ជាលទ្ធផលសង្កេតឃើញថា កិច្ចប្រជុំខាងលើបានដំណើរការល្អ ដោយនាយកដ្ឋាននីមួយៗ បានធ្វើបង្ហាញស្ដីពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការអនុវត្តបន្តឆ្នាំ២០២០ខាងមុខ។ ជាមួយគ្នានោះ បទបង្ហាញរបស់អង្គភាពជំនាញនីមួយៗ មានកិច្ចពិភាក្សា និងសំនួរចម្លើយជាច្រើនពាក់ព័ន្ធលទ្ធផល និងផែនការបន្ត ដែលត្រូវខិតខំយកចិត្តទុកដាក់អនុវត្តក្នុងឆ្នាំ២០២០ខាងមុខ ដើម្បីសម្រចបានសូចនាករសំខាន់ដែលមានក្នុងផែនការប្រចាំ និងបន្តគាំទ្រផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបប្រកាសឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលថ្មីៗនេះ ។ ជារួមអាចវាយតម្លៃបានថា អង្គភាពទាំងអស់បានអនុវត្តថវិកាកម្មវិធីសម្រចបានជោគជ័យល្អប្រសើរតាមគ្រោងទុក បើទោះជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។