នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោង CaWSIP-MAFF អមដំណើរដោយឯកឧត្តម ឃឹម ហ្វីណង់ និងឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ទីប្រឹក្សាគម្រោង និងតំណាងសហភាពសហព័ន្ធសមាគមកសិកម្ម បានចុះពិនិត្យ និងវាយតម្លៃទីតាំងជាក់ស្តែងក្នុងខេត្តព្រះវិហារ ដើម្បីកំណត់ទីតាំងសក្តានុពលសម្រាប់ការសាងសង់ និងផ្តល់ផ្ទះសំណាញ់ និងវាយតម្លៃលទ្ធភាពក្នុងការចងក្រង និងអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមក្របខណ្ឌគម្រោង CaWSIP។
ក្នុងដំណើរចុះពិនិត្យនេះ គណៈប្រតិភូបានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយតំណាងសហគមន៍កសិកម្ម ដើម្បីស្វែងយល់ពីស្ថានភាពផលិតកម្ម សក្តានុពលដីធ្លី ប្រភពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប សំដៅធ្វើជាមូលដ្ឋានសម្រាប់រៀបចំផែនការគាំទ្រឱ្យស្របតាមសក្តានុពល និងតម្រូវការជាក់ស្តែងរបស់សហគមន៍។
ជាលទ្ធផល គណៈប្រតិភូបានចុះពិនិត្យទីតាំងសក្តានុពលចំនួន ៣ រួមមាន៖ (១).សហគមន៍កសិកម្មរំដួលម្លូព្រៃជាយដែន, (២).សហគមន៍កសិកម្មទំនើបតាកឹងបៃតងសាមគ្គី និង (៣).សហគមន៍កសិកម្មម្រេចស្រយ៉ង់កោះកេរ្តិ៍ព្រះវិហារ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។
សកម្មភាពចុះពិនិត្យ និងវាយតម្លៃនេះ គឺជាជំហានសំខាន់ក្នុងការរៀបចំផែនការគាំទ្រដល់សហគមន៍កសិកម្មទំនើប តាមរយៈការជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប ការកែលម្អប្រព័ន្ធផលិតកម្ម និងការតភ្ជាប់ផលិតកម្មទៅកាន់ខ្សែច្រវាក់តម្លៃកសិកម្ម។ ជាពិសេស រួមចំណែកបង្កើនផលិតភាព និងគុណភាពផលិតផលកសិកម្ម ពង្រឹងសមត្ថភាពប្រកួតប្រជែង បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើង និងមាននិរន្ដរភាព៕