ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំគណ:ប្រតិភូទស្សនកិច្ចសិក្សានៅទីក្រុងកឹនថឺ (Can Tho) ប្រទេសវៀតណាម ក្រោមកម្មវិធី គម្រោងកាត់បន្ថយការបំភាយឧស្ម័នក្នុងផលិតកម្មស្រូវ (CORE ) សម្របសម្រួលដោយ អង្គការ GIZ ប្រចាំកម្ពុជា។
ក្នុងឱកាសទស្សនកិច្ចនោះ ឯកឧត្តម ខាត់ សុធី និងគណ:ប្រតិភូបានចូលរួមសិក្ខាសាលាអន្តរជាតិចំនួន២ ដែលសិក្ខាសាលាទី១ ស្ដីអំពី៖ អនាគតនៃស្រូវបៃតង ដែលផ្តោតលើដំណោះស្រាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម ការអនុវត្តកសិកម្មបំភាយឧស្ម័នតិច និងការគ្រប់គ្រងចំបើង និងទី២ សិក្ខាសាលាស្ដីអំពី៖ ការលើកកម្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនក្នុងវិស័យកសិកម្ម ព្រមទាំងកិច្ចប្រជុំចែករំលែកបទពិសោធន៍ និងធ្វើបច្ចុប្បន្នភាពការអនុវត្តគម្រោងCORE ផងដែរ។
ជាមួយគ្នានេះ គណ:ប្រតិភូបានចុះសិក្សាផ្ទាល់នៅខេត្តដុងថាប ដើម្បីស្វែងយល់ពីគំរូអាជីវកម្មផលិតជីកំប៉ុស ការបណ្តុះផ្សិតពីចំបើងស្រស់ នៃគម្រោង ការវាស់វែង ការរាយការណ៍
និងការផ្ទៀងផ្ទាត់(MRV)ព្រមទាំងបានផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាប្រទេសជាសមាជិកកម្មវិធី CORE។ ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសដល់ការសិក្សារៀនសូត្រពីបច្ចេកទេស និងនវានុវត្តន៍ថ្មីៗ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕