ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបលោក Yang Guangrong ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
ចេញផ្សាយ ២៤ វិច្ឆិកា ២០២៦
213
នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទទួលជួបលោក Yang Guangrong ព្រឹទ្ធបុរស នៃសាកលវិទ្យាល័យអន្តរជាតិកសិកម្ម និងព្រៃឈើជាំងស៊ូ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការអភិវឌ្ឍន៍ធនធានមនុស្ស និងការជំរុញកសិ-ពាណិជ្ជកម្មមកកាន់ទីផ្សារប្រទេសចិន នៅស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនៃជំនួប ឯកឧត្តម គី ច័ន្ទរំដួល បានសម្តែងក្តីសោមនស្សរីករាយចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលផ្លាស់ប្តូរសិស្សនិស្សិត និងការកសាងសមត្ថភាពគ្រួបង្គោល និងសាស្រ្តាចារ្យរវាងកម្ពុជា-ចិនមកប្រទេសចិន ជាមួយនឹងសាកលវិទ្យាល័យកសិកម្មទាំង៣ និងបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា សំដៅពង្រីកការផ្សព្វផ្សាយចំណេះដឹងកសិកម្ម ជំរុញការពិសោធន៍ស្រាវជ្រាវ និងលើកកម្ពស់គុណភាពស្តង់ដារបង្រៀន។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម គី ច័ន្ទរំដួល ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការវិនិយោគលើគ្រឿងយន្តកសិកម្មទំនើប ការកែច្នៃ វេចខ្ចប់ និងនាំចេញទៅទីផ្សារអន្តរជាតិ ជាមួយនឹងកសិផលសក្តានុពលជាច្រេីនរបស់កម្ពុជា ឱ្យទទួលបានតម្លៃបន្ថែមនៃប្រទេសទាំងពីរ ពង្រីកវិសាលភាពការអភិវឌ្ឍន៍និងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងសម្រេចបាននូវលទ្ធផលថ្មីៗសម្រាប់ប្រទេសទាំងពីរ៕