នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់ ដើម្បីសុំបទពិសោធន៍ និងអនុសាសន៍ពីថ្នាក់ដឹកនាំ មុនបន្តការសិក្សាក្រៅប្រទេស នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស ដែលជាមោទកភាពសម្រាប់ខ្លួនផ្ទាល់ គ្រួសារ និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ចាំបាច់ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការសិក្សារៀនសូត្រ ការស្រាវជ្រាវ និងពង្រឹងលេីភាសាបរទេសផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យគិតគូរពីកត្តាសុខភាព ជាកត្តាចម្បងជំរុញឱ្យការសិក្សាទទួលបានជោគជ័យ ជាពិសេសត្រូវមានសាមគ្គីភាព សីលធម៌ សុជីវធម៌ ចេះស្វែងយល់ពីវប្បធម៌ប្រពៃណីនានា និងផ្សព្វផ្សាយនូវវប្បធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀតជាមួយប្រទេសជាមិត្ត និងក្លាយជាធនធានមនុស្សរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត៕