កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ដើម្បីដើម្បីលើកស្ទួយផលិតកម្មកសិកម្ម ពង្រីកទីផ្សារ និងរក្សាលំនឹងកសិផល ជាពិសេសស្រូវ តាមរយៈការប្រើយន្តការហិរញ្ញប្បទានពិសេសចំនួន ១០០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្តបាត់ដំបង មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទូទាំងខេត្ត តំណាងធនាគារអភិវឌ្ឍន៍ជនបទ មន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្ម។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងតួអង្គពាក់ព័ន្ធនានា ដែលបានជួយសម្របសម្រួល ជាពិសេសរោងម៉ាស៊ីនកិនស្រូវទាំងអស់ទូទាំងខេត្តដែលតែងជួយទិញស្រូវកសិករក្នុងតម្លៃសមរម្យ ជាពិសេសនៅពេលកសិករដឹកមកដល់ទីតាំងដោយបានផ្តល់តម្លៃសមរម្យ និងជួយឱ្យពួកគាត់បន្តមុខរបរ និងមានជីវភាពសមរម្យ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើដល់រោងម៉ាស៊ីនទាំងអស់ សូមយកកសិករជាស្នូល ដោយបន្តជួយទិញបន្ថែមទៀត ទិញគ្រប់ប្រភេទស្រូវ និងកុំបង្អាប់ថ្លៃ ជាពិសេសនៅរដូវសម្រុកប្រមូលផល ដែលអាចនឹងជួបបញ្ហាចាល់ស្រូវលើទីផ្សារ ពីព្រោះខេត្តបាត់ដំបងគឺជាជង្រុកស្រូវដ៏ធំមួយរបស់ប្រទេសកម្ពុជា។
ឆ្លងតាមកិច្ចពិភាក្សា អង្គសិក្ខាសាលាបានវាយតម្លៃខ្ពស់ចំពោះកិច្ចអន្តរាគមន៍ដោយប្រើកញ្ចប់ឥណទានពិសេសទាំង ៥លើកកន្លងមក ដោយរោងម៉ាស៊ីនដៃគូដែលទទួលបានឥណទាន ពិតជាបានជួយទិញស្រូវបន្ថែមពីលើសមត្ថភាពទុនបង្វិលដែលមាន និងបានចុះទិញដល់ទីតាំងដែលមិនសូវមានអ្នកចុះ ជាពិសេសបានទទួលទិញនិងផ្តល់តម្លៃដូចឈ្មួញកណ្តាលនៅពេលកសិករដឹកមកដល់រោងម៉ាស៊ីន និងរោងម៉ាស៊ីនខ្លះបានផ្តល់តម្លៃបន្ថែមពីលើតម្លៃទីផ្សារ ដោយបានជួយដោះស្រាយបញ្ហាទីផ្សារបានមួយចំណែក ក្នុងតម្លៃសមរម្យ និងជួយមិនឱ្យកសិករទុកស្រូវខូចចោល។
បន្ថែមពីនេះ រោងម៉ាស៊ីនធំៗមួយចំនួន ជាពិសេសរោងម៉ាស៊ីនដែលមានគោលដៅនាំចេញអង្ករទៅក្រៅប្រទេស បានប្រើប្រាស់ឥណទានពិសេសទៅប្រមូលទិញស្រូវ និងយកទុនដែលស្រាប់ទៅពង្រីកសមត្ថភាពកិន-សម្ងួត-ស្តុក ដើម្បីអាចប្រមូលទិញបន្ថែមបាន ដែលនេះជាដំណោះស្រាយបញ្ហាទីផ្សាររយៈពេលវែង និងជួយជំរុញការនាំចេញឱ្យបានកាន់តែច្រើន និងឈានទៅសម្រេចបានការនាំចេញអង្ករឱ្យបាន ១លានតោន ក្នុងឆ្នាំ២០២៦នេះ។
ជាមួយគ្នានេះដែរ ម្ចាស់រោងម៉ាស៊ីនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលចំពោះការបង្កើតកញ្ចប់ឥណទានពិសេសនេះ និងសំណូមពរឱ្យបន្តមានកិច្ចអន្តរាគមន៍បន្តទៀត ជាពិសេសនៅរដូវប្រមូលផលស្រូវនាពេលខាងមុខ ដែលរោងម៉ាស៊ីនភាគច្រើនតែងជួបបញ្ហាកង្វះទុនបង្វិលដើម្បីទិញស្រូវបន្ថែម។
ក្រោយសិក្ខាសាលា ឯកឧត្តម គង់ ច័ន្ទវាសនា បានដឹកនាំក្រុមការងារចុះពិនិត្យរោងម៉ាស៊ីនមួយចំនួនក្នុងខេត្ត និងពង្រឹងកិច្ចសហការ ព្រមទាំងលើកទឹកចិត្តម្ចាស់រោងម៉ាស៊ីនឱ្យបន្តប្រមូលទិញស្រូវក្នុងតម្លៃកាន់តែល្អប្រសើរ ដើម្បីជួយដល់ប្រជាកសិករដាំដុះស្រូវ៕