នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបប្រជុំជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយបានពិភាក្សានិងពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធំ។
ជាមួយគ្នានេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារ និងបន្តពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តការតាមដានដោយយកចិត្តទុកដាក់លើការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ពេលរសៀលថ្ងៃដដែល ឯកឧត្ដម ក៏បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យសត្តឃាតដ្ឋានក្រុងស្ទឹងសែន ដែលមានទីតាំងនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នៅថ្ងៃបន្ទាប់ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ា ពិសី ក៏បានដឹកនាំក្រុមការងារ គាំទ្របច្ចេកទេសនិងពិនិត្យសេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ធំ ដោយមានការចូលរួម ពីលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងសហការី និងតំណាងក្រសួងមហាផ្ទៃ ដើម្បីពិនិត្យវឌ្ឍនភាពការងារនិងដោះស្រាយបញ្ហាប្រឈម នានាក្នុងការផ្តល់សេវារដ្ឋបាល វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមយន្តការច្រកចេញចូលតែមួយនិងពិនិត្យលើសំណុំឯកសារ ស្នើសេវារដ្ឋបាល ពាក់ព័ន្ធនឹងការងារ កសិកម្ម នៅអង្គភាព ច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តើកំពង់ធំ លើ សេវា អនុវិស័យជលផល សេវានិងផលិតកម្មនិងបសុព្យាបាល សេវា ជីថ្នាំកសិកម្ម និងបញ្ហាផ្សេងៗ។ ក្រោយចប់កិច្ចប្រជុំ ក្រុមការងារបានចុះពិនិត្យនៅទីតាំងសត្តឃាតដ្ឋានកំពង់ថ្មផងដែរ៕