នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង SCMF បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំចាប់ផ្តើមបេសកកម្មពិនិត្យគម្រោងរបស់ ADB នៃគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ក្រោមក្របខណ្ឌហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលរួមមាន៖ក្រុមការងារ ADB មានស្នាក់ការកណ្តាលនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រុមការងារADB ប្រចាំកម្ពុជា ដៃគូអនុវត្តគម្រោងមកពីរដ្ឋបាលជលផល ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ក្រសួងបរិស្ថាន សហគ្រិនខ្មែរ(KE) និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តតំបន់ឆ្នេរទាំង៤។
គោលបំណងនៃបេសកកម្ម គឺដើម្បីពិនិត្យមើលទៅលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ផែនការសកម្មភាពសម្រាប់អនុវត្តបន្ត បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីជំរុញការអនុវត្តឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។
សូមបញ្ជាក់ជូនថា បេសកកម្មពិនិត្យគម្រោងរបស់ ADB នៃគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នឹងប្រព្រឹត្តទៅរយៈពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នេះ៕