ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៦ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល កងកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទ នៅស្រុកចំនួន៣ ក្នុងខេត្តកណ្តាល។
ការបង្ក្រាបធ្វើឡើងនៅចំណុចដងគោម ឃុំកំពង់អុស និងចំណុចស្ពានព្រែកក្តាម ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ក្រុមការងារជំនាញបានរឹបអូសឧបករណ៍រួមផ្សំ នៃបទល្មើសឆក់ត្រីចំនួន០២ករណីរួមមាន៖ ទូកស្មាច់ចំនួន០២គ្រឿង ម៉ាស៊ីនចំនួន០២គ្រឿង អាំងវេទ័រឆក់ត្រីចំនួន ០២គ្រឿង ដងឆក់ត្រីចំនួន០២ដើម អាគុយចំនួន០២គ្រឿង កាំភ្លើងខ្យល់ចំនួន០១ដើម និងបានលែងត្រីទម្ងន់៧គីឡូក្រាម។
ចំណែកការបង្ក្រាបនៅត្រង់ចំណុច ព្រែកដងគោម និងព្រែកតាម៉ែ ក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ជាលទ្ធផលនៃបេសកកម្មបង្ក្រាប ក្រុមការងារជំនាញបានរឹបអូសលូសាច់អួនចំនួន០១ករណីរួមមាន៖ របាំងស្បៃមុង និងព្រួលឫស្សីចំនួន៧របាំង ប្រវែង១៧៥ម៉ែត្រ បង្គោលចំនួន១៥០ដើម លូសាច់អួនចំនួន១៤មាត់។
ជាមួយគ្នានោះដែរ នៅឯចំណុចបន្ទាយដែក និងចំណុចភូមិកោះប្រាក់ចាស់ ឃុំកោះប្រាក់ ស្រុកកៀនស្វាយ និងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ជាលទ្ធផល បានរឹបអូសឧបករណ៍រួមផ្សំនៃបទល្មើសអួនអូសទឹកសាប និងឧបករណ៍ឆក់ត្រី ចំនួន០៣ករណី រួមមាន៖ ទូកឈើចំនួន០២គ្រឿង អួនអូសទឹកសាបចំនួន០១គ្រឿង បាឡាស្មាច់ចំនួន០២គ្រឿង ម៉ាស៊ីនចំនួន០៤គ្រឿង អាំងវេទ័រឆក់ត្រីចំនួន០២គ្រឿង ដងឆក់ត្រីចំនួន០២ដើម អាគុយចំនួន ០២ គ្រឿង និងបានលែងត្រីទម្ងន់១៥គីឡូក្រាម៕