នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងារស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក និងថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីមូលដ្ឋាននៃស្រុកព្រះនេត្រព្រះ។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានចំណាយពេលពេញមួយព្រឹក ស្ដាប់តួអង្គពាក់ព័ន្ធអំពីស្ថានភាពឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ។ ឯកឧត្តមបានពន្យល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដល់អង្គប្រជុំ និងណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ តាមដាន និងអនុវត្តកម្មវិធីគោលនយោបាយឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីដោះស្រាយបញ្ហានានារបស់ប្រជាជន ដាច់ខាតមិនត្រូវដោះស្រាយបញ្ហាមួយដោយបង្កើតបញ្ហាមួយទៀតឡើយ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងកោតសរសើរដល់មន្ដ្រីអាជ្ញាធរមូលដ្ឋានស្រុកព្រះនេត្រព្រះ ចំពោះសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕