នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមកិច្ចសហការជាមួយកម្មវិធីច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីជំងឺម៉ូសាអុិកលើដំណាំដំឡូងមី និងវិធានការគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ជាប្រធានគណៈអធិបតី និងមានការអញ្ជើញចូលរួមពីលោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង កញ្ញា ប៉ោ ណេង តំណាងកម្មវិធី CAVAC ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម សាកលវិទ្យាល័យបាត់ដំបង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ វិស័យឯកជន និងតំណាងកម្មវិធីច្រវាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថា កាវ៉ាក់ (CAVAC) សរុបចំនួន៥៤រូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិធានការគ្រប់គ្រងជំងឺម៉ូសាអុិកលើដំណាំដំឡូងមីនៅក្នុងប្រទេសកម្ពុជា និងកំណត់អត្តសញ្ញាណ និងអភិវឌ្ឍន៍សកម្មភាព ជាអាទិភាព លើការគ្រប់គ្រងជំងឺម៉ូសាអុិកលើដំណាំដំឡូងមី។