ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃព្រហស្បតិ៍១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្ដីពីកំណែទម្រង់ព្រៃឈើ នៅសាលប្រជុំរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរដ្ឋបាលព្រៃឈើ តំណាងអន្ដរស្ថាប័ន អង្គការ និងដៃគូអភិវឌ្ឍន៍ដែលគាំទ្រក្នុងវិស័យព្រៃឈើ និងបរិស្ថាន។ គោលបំណងសំខាន់ៗនៃកិច្ចប្រជុំនេះគឺដើម្បី៖ ១. ពិភាក្សារវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ស្ដីពីសូចនាកររួមគ្នា ២. ការបង្ហាញអំពីសកម្មភាពជាអាទិភាពរបស់រដ្ឋបាលព្រៃឈើទៅដល់ដៃគូអភិវឌ្ឍន៍ដើម្បីឈានដល់កិច្ចសហប្រតិបត្ដិការ និង៣. ដើម្បីចែករំលែកព័ត៌មានអំពីការវិវត្ដន៍នៃកម្មវិធី FLEGT ផងដែរ។