នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស្រី សុទ្ធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ឆ្នាំ២០២៤ ដែលពិធីនេះធ្វើឡើងនៅតាមបណ្តោយមាត់ស្ទឹង ខាងជើងសាលាខេត្តពោធិ៍សាត់។
ពិធីសម្ពោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឈន៍វិស័យកសិកម្ម និងជនបទ(ក.ក.ជ.) និងជាប្រធានគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១។
នៅក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ថ្នាក់ដឹកនាំតាមបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន។
សូមបញ្ជាក់ថា កម្មវិធីមានរៀបចំស្ដង់ពិព័រណ៍ ផលិតផលកសិកម្ម និងផលិតផលក្នុងស្រុកមួយចំនួនផងដែរ ដែលសម្របសម្រួលរៀបចំដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់៕