ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានលើកសសើរឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីជំនាញជលផល អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការងារការពារនិងបង្ក្រាបបទល្មើសនេសាទ ទាំងយប់ ទាំងថ្ងៃ និងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ តែបែរជាមិនសូវទទួលបានការសាទរអំពីសាធារណជន។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់មន្ដ្រីទាំងអស់បន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្តទៀត និងត្រូវបង្កើនការផ្សព្វផ្សាយឲ្យបានច្រើន។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការផ្សព្វផ្សាយធ្វើឡើង ទី១ ដើម្បីឲ្យសាធារណជនបានជ្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីជលផលផង និងទី២ ដើម្បីបង្ក្រាបអ្នកនេសាទខុសច្បាប់ឲ្យរាងចាល និងទី៣ ដើម្បីបន្លាចអ្នកនេសាទខុសច្បាប់ទាំងនោះ កុំឲ្យគគ្លើន ហ៊ានប្រព្រឹត្តល្មើសតទៅទៀត បើមិនចង់ជាប់សំណាញ់ច្បាប់៕