-កម្មវិធីទី០៦:
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត រួមជាមួយសហការី បានចុះទៅពិនិត្យចំការបន្លែរបស់សហគមន៍ផលិតបន្លែសុវត្ថិភាព នៅភូមិពោធិទង និងភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ដែលកំពុងដាំបន្លែមានដូចជាត្រសក់ទ្រើង ខ្ទឹមស្លឹក ស្ពៃចង្កឹក សាលាដ ត្រប់។ល។ បច្ចុប្បន្នបានរៀបចំចងក្រងជាសហគមន៍ផលិតបន្លែបាន ៥២គ្រួសារ ដោយរៀបចំកម្មវិធីដាំដុះទៅតាមតម្រូវការទីផ្សារ។ ជាមតិសហគមន៍ ពួកគាត់ស្នើសុំឲ្យរដ្ឋាភិបាលជួយគិតគូពីការផ្គត់ផ្គង់អគ្គិសនីបូមទឹក បញ្ចុះ តម្លៃភ្លើង និងសម្ភារកសិកម្មមួយចំនួនទៀត។ ដោយសារបច្ចេកវិទ្យាបានជ្រាបចូលក្នុងស្រទាប់អ្នកផលិតបន្លែដូចជា ការប្រើប្រព័ន្ធដំណក់ទឹក ឬសាច ការប្រើប្រាស់ផ្លាស្ទិចគ្របរងដើម្បីរក្សាសំណើមដី និងកំចាត់ស្មៅ និងការប្រើសំណាញ់សម្រាប់បន្លែវារតោងឡើង ជំនួសឬស្សី ការប្រើពូជ មានប្រភពច្បាស់លាស់ ការប្រើជី និងថ្នាំគីមីសមស្រប់ តាមបច្ចេកទេស។ បច្ចេកទេសទាំងអស់នេះអាចជួយកាត់បន្ថយកំលាំងពលកម្ម ពេលវេលា និងបានទិន្នផលខ្ពស់ រហូតដល់គ្រួសារកសិករខ្លះឈប់ធ្វើស្រែមកដាំបន្លែវិញ។ ទាំងអស់នេះ គឺជារបត់ថ្មីនៃការវិវឌ្ឍន៍វិស័យកសិកម្មពីមួយជំហាន ទៅមួយជំហាន សមស្របតាមនវានុវត្តនៃកសិកម្ម និងតម្រូវការទីផ្សារ។
នាឱកាសនេះ លោកបានណែនាំឱ្យកសិករធ្វើការដាំដំណាំបន្តបណ្តាក់គ្នា ចៀសវាងការផលិតនូវផលិតផលជរជន់លើទីផ្សារ ដែលអ្នកបញ្ជាទិញបញ្ចុះតម្លៃ។ ត្រូវចេះបង្កើនគុណភាពដីតាមរយៈការសន្សំនិងប្រើប្រាស់ជីសរីរាង្គឲ្យបានច្រើនដើម្បីធានាដល់គុណភាពបន្លែ និងជាពិសេសសុខភាពអ្នកផលិតផង និងអ្នកបរិភោគផង ហើយក៏ជួយរួមចំណែកកាត់បន្ថយថ្លៃដើមផងដែរ។ មន្ទីរគួរបន្តខិតខំជួយរៀបចំឃ្លាំងលក់ ចែកចាយមួយសម្រាប់សហគមន៍ដើម្បីបង្កលក្ខណងាយស្រួលដល់អតិថិជនក្នុងតំបន់នេះមកទិញយកទៅបរិភោគ។