នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជាស្រុកគោលដៅថ្មីបន្ថែម ដោយកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់។
កិច្ចប្រជុំមានការចូលរួមពីមន្ទីរកសិកម្មខេត្ត មន្ត្រីការិយាល័យកសិកម្មស្រុក មេឃុំទាំង៣ នាយកប្រតិបត្តិសហភាព និងសហគមន៍កសិកម្ម មន្ត្រីកសិកម្មឃុំ ប្រធាន និងគណៈកម្មការសហគមន៍កសិកម្មទំនើបរូងជ្រៃ រួមទាំងគណៈកម្មការសហគមន៍តាសីសាមគ្គី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម ខាត់ សុធី បានពន្យល់ណែនាំពីការប្រមូលទិន្នន័យឱ្យមានប្រសិទ្ធភាពខ្ពស់ និងជាពិសេសគឺការកំណត់គ្រួសារក្រីក្រឱ្យចំគោលដៅ។ ឯកឧត្តមបានដាក់ផែនការឱ្យអាជ្ញាធរភូមិ-ឃុំ ចុះប្រមូលទិន្នន័យជាប្រញាប់ ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ កសិករៈ តម្រូវឱ្យជ្រើសរើសតែគ្រួសារកសិករ ក្រ១ និង ក្រ២ និងគ្រួសារងាយរងហានីភ័យ។ ដំណាំគោលដៅៈ ផ្តោតលើការផលិតបន្លែផ្ទះសំណាញ់តែមួយមុខគត់។ លក្ខខណ្ឌតម្រូវៈ កសិករត្រូវមានកម្លាំងពលកម្មគ្រប់គ្រាន់ មានដីសមស្របអាចសង់ផ្ទះសំណាញ់បាន និងមានប្រភពទឹកគ្រប់គ្រាន់។
ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើ និងណែនាំដល់មន្ត្រីអនុវត្តគម្រោងគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់ក្រសួង មន្ទីរ ស្រុក ឃុំ រហូតដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យការអនុវត្តគម្រោង EMPOWER នេះទទួលបានជោគជ័យត្រចះត្រចង់ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ៕